Description
ស្លឹករឹត ឬ សាស្ត្រាស្លឹករឹត គឺជាប្រជុំសំណេរ ដែលចារអំពី ក្បួនច្បាប់ អក្សរសិល្ប៍ អត្ថបទប្រវត្តិសាស្ត្រ និងគម្ពីរសាសនា ដែលខ្មែរបុរាណ តែងស្គាល់ និងប្រើប្រាស់ជាទូទៅ។ នៅមុនការបង្កើតក្រដាស និងការបោះពុម្ពសៀវភៅ បែបទំនើប ប្រជាជនខ្មែរគ្រាប់ជាន់ថ្នាក់ តែងប្រើស្លឹករឹតនេះ និង ក្រាំង ដែលជាប្រភេទក្រដាសបុរាណម្យ៉ាង ដើម្បីចងក្រង និង ចែកចាយ រាល់ចំណេះដឹងនានា អំពីវប្បធម៍ និងអរិយធម៍ខ្មែរ។ ប៉ុន្តែបច្ចុប្បន្ននេះ មានមនុស្សតិចណាស់ ដែលស្គាល់អំពី សម្បត្តិបេតិកភណ្ឌជាតិ ដ៏មានតម្លៃមួយនេះ។ ដូច្នេះ ដើម្បីចូលរួមថែរក្សា ស្លឹករឹតឲ្យគង់វង្សយូរអង្វែងតទៅថ្ងៃខាងមុខ លោក ឡោត ឡឹង ដែលមានបទពិសោធន៍ចារសាស្ត្រាស្លឹករឹតជាង ២០ ឆ្នាំ បានសម្រេចចិត្ត បើកបង្រៀនវិធីចារសំណេរស្លឹករឹតឡើងវិញ ដោយឥតគិតថ្លៃដល់កូនខ្មែរជំនាន់ក្រោយ៕