​ប្រាសាទ​បុរាណ​មិន​មែន​ដុំ​ថ្ម តែ​ជា​ដួង​ព្រលឹង​ជាតិ!
Listen now
Description
ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសំបូរ​ព្រៃ​គុក​​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កំពុង​តែ​នាំ​​ប្រជាជាតិ​ខ្មែរ ត្រឡប់​ទៅចាប់​អារម្មណ៍​ពី​ប្រាសាទ​បុរាណ​របស់​ខ្មែរ​ឡើង​វិញ​។ ពលរដ្ឋ​ខ្មែរ សុទ្ធ​តែ​អះអាង​ពី​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ប្រាសាទ​បុរាណ​។ ប៉ុន្តែ​គេ​កត់​សម្គាល់​ថា ពលរដ្ឋ​មួយ​ចំនួន ​មិន​ទាន់​យល់​ពី​តម្លៃ​ពិត​ប្រាកដ​របស់​ប្រាសាទ​នៅ​ឡើយ ហើយ​នៅ​មាន​ឥរិយាបទ​ខុស​ឆ្គង​ចំពោះ​ប្រាសាទ​ថែម​ទៀត​។ អ្នក​ខ្លះ​​​យក​ថ្ម​ទៅ​គូស​វាស​លើ​ជញ្ជាំង​ប្រាសាទ​ ហើយ​ខ្លះ​ទៀត​ប្រៀប​ប្រដូច​ប្រាសាទ​ទៅ​នឹង​ដុំ​ថ្ម​​​​​គ្មាន​តម្លៃ​។ ឥរិយាបទ​មិន​គួរ​គប្បី​ទាំង​នេះ ល្មម​ដល់​ពេល​​ផ្លាស់​ប្ដូរ​ហើយ​! កម្ពុជា គឺ​ជា​ប្រទេស​តែ​មួយ​គត់​លើ​លោកដែល​មាន​រូប​​សំណង់​ប្រាសាទ​នៅ​ក្នុង​ទង់​ជាតិ​។ នេះ​គឺ​ជា​សក្ខីភាព​ដែល​បង្ហាញ​ថា ប្រាសាទ​បុរាណ មាន​ទំនាក់ទំនង​​យ៉ាង​ជិត​ស្និត​ទៅ​នឹង​ជីវិត​មនុស្សខ្មែរ​តាំង​ពី​បុរាណកាល​មក​ម្ល៉េះ​។ ដោយ​មាន​ឥទ្ធិពល​ពី​ឥណ្ឌា ព្រះ​រាជា​ខ្មែរ​ចាប់​ផ្ដើម​សាងសង់​ប្រាសាទ ដើម្បី​ឧទ្ទិស​ដល់​ទេវ​​និង​សាសនា​ផ្សេង​ៗ​។ ឬ​បើ​ពុំ​ដូច្នោះ​ទេ គេ​ស្ថាបនា​ប្រាសាទ​ឡើង​ដើម្បី​តំណាង​ឲ្យ​កំពូល​ភ្នំ​ហិមាល័យ ដែល​ជា​ទី​លំនៅ​របស់​ទេវតា​។ ក៏​មាន​ផង​ដែរ ប្រាសាទ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​​ថ្វាយ​ព្រះ​ភ្លើង ឬ​ឧទ្ទិស​ដល់​បុគ្គល​សំខាន់​ណា​មួយ​។ ប្រាសាទ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ ចាប់​ផ្ដើម​មាន​វត្តមាន​ដំបូង​នៅសម័យ​ចេនឡា ពោល​គឺ​ក្នុង​អំឡុង​​សតវត្ស​ទី​៦​នៃ​គ្រឹស្តសករាជ​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពេល​វេលា ទង្វើ​មនុស្ស ​និង​បាតុភូត​ធម្មជាតិ​ក