ហេតុការណ៍​ស្លាប់រង្គាល​នៃ​ជីវិត​និង​ការ​លេចមុខ​នៃ​សត្វ​ឌីណូស័រ
Listen now
Description
នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ធ្វើការ​រៀបរាប់ អំពី​ប្រវត្តិ​នៃ​ចក្រវាល​តទៅទៀត ដោយ​សូមលើកឡើង អំពីហេតុការណ៍​នៃ​ការ​ស្លាប់រង្គាល​នៃ​ជីវិត​លើ​ភពផែនដី និង​ការ​លេចមុខឡើង​នៃ​ពូជសត្វ​ដ៏​ល្បី​​មួយ នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី គឺ​ពពួកសត្វ​ឌីណូស័រ។ នៅ​ប្រមាណ​ជា ៣០០លាន​ឆ្នាំមុន ជីវិត​នៅលើ​ភពផែនដី​របស់​យើង​បាន​វិវឌ្ឍ និង​រីកដុះដាល​នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង រាប់ចាប់តាំងពី​​ទម្រង់​ជីវិត​ដ៏​តូចល្អិត​ដូចជា​បាក់តេរី រហូត​ដល់​ទម្រង់​ជីវិត​សាំញ៉ាំ ជឿនលឿន និងមាន​ទំហំ​ធំៗ​ជាច្រើន​ប្រភេទ, មានទាំង​សត្វ និង​រុក្ខជាតិ ហើយ​មានទាំង​ជីវិត​នៅ​ក្នុងទឹក និង​ជីវិត​នៅលើ​ដីគោក។ ក៏ប៉ុន្តែ ទីណា​ដែល​មាន​ជីវិត ទីនោះ​ក៏មាន​ដែរ សេចក្តីស្លាប់។ ការស្លាប់​ខ្លះ គឺ​ជា​ការ​ស្លាប់​ធម្មតា​ទៅ​តាម​វដ្ត​នៃ​ជីវិត ដែល​គេ​តែងតែ​និយាយ​ថា កើតចាស់ឈឺស្លាប់ ហើយ​ការ​ស្លាប់​នេះ​បាន​បន្សល់ទុក​នូវ​ផូស៊ីល​រហូត​ដល់​រាប់លាន​ឆ្នាំក្រោយ​មក​ទៀត ដោយខ្លះ​ជា​ផូស៊ីល​ដែល​រក្សា​​រូបរាង​ដើម​ឲ្យ​នៅ​ស្ថិតស្ថិរ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន ហើយ​ដែល​​អាច​ឲ្យ​យើង​សិក្សា​ពី​ប្រវត្តិ​នៃ​ជីវិត​លើ​ភពផែនដី​ ចំណែក​ឯ​ខ្លះ​ទៀត​ត្រូវ​​ប្រែប្រួល និង​​​វិវឌ្ឍ​ទៅ​ជា​ធនធាន​រ៉ែ​​ ដែល​យើង​អាច​​ទាញ​យក​មក​ប្រើ​ប្រាស់​ជា​វត្ថុធាតុដើម​​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ នៅលើដីគោក បណ្តា​រុក្ខជាតិ​ដែល​ស្លាប់​ទៅ ហើយ​ដែល​ត្រូវ​រង​នូវ​កម្តៅ និង​​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ ក៏ដូចជា​រង​នូវ​សម្ពាធ​នៅ​ពេល​​ត្រូវ​​កប់​នៅ​ក្រោម​ដី​រាប់​លាន​ឆ្នាំ ក៏​ត្រូវ​ប្រែក្លាយ​ទៅ​ ជា​រ៉ែ