លោកណុប វី៖ខ្ញុំសង្ឃឹមតុលាការទម្លាក់បទចោទលើលោកម៉ិច ដារ៉ាដោយសាររូបគេមានគុណសម្បត្តិជួយសង
Description
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដែលត្រូវអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី៣០ កញ្ញាកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។ តាមរយៈបទចោទប្រកាន់ញុះញង់បង្កភាពវឹកវរក្នុងសង្គមពីតុលាការ លោកម៉ិច ដារ៉ាអាចជាប់ក្នុងពន្ធនាគារចំនួន២ឆ្នាំ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី០៤ តុលានេះ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានអះអាងថា សមាគមបានផ្តល់មេធាវីជួយលោកម៉ិច ដារ៉ាផ្នែកច្បាប់។ ទោះជាយ៉ាងណា លោក ណុប វីនៅតែមានក្តីសង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទចោទលើលោក ម៉ិច ដារ៉ាដោយសារតែអ្នកសារព័ត៌មានឯករាជ្យរូបនេះធ្លាប់មានគុណសម្បត្តិទាក់ទងនឹងការរាយការណ៍ពីបញ្ហាជួញដូរមនុស្ស និងការឆបោកតាមអនឡាញ។