ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ - ការផ្សាយពាណិជ្ជកម្មឃោសនានយោបាយ ជាបញ្ហាចម្រូង
Description
នៅថ្ងៃព្រហស្បតិ៍ ទី៧វិច្ឆិកា អ្នកតំណាងរាស្ត្រអាមេរិក ពិសេសគឺសមាជិកព្រឹទ្ធសភាភាគច្រើនមកពីបក្សសាធារណរដ្ឋ បានលើកឡើងថា មូលហេតុនៃការឈប់ផ្សាយពាណិជ្ជកម្មឃោសនាសារនយោបាយ ពីសំណាក់ក្រុមហ៊ុន Twitter គឺជាការភាន់ច្រឡំមួយ ហើយនិងថា ចំណាត់ការនេះនឹងធ្វើឱ្យខូចខាតប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិទៀតផង។ នេះគឺជាប្រតិកម្មឆ្លើយតបចំពោះចំណាត់ការរបស់ Twitter ដែលសម្រេចថា ចាប់ពីថ្ងៃទី២២វិច្ឆិកាទៅ ក្រុមហ៊ុន Twitter នឹងឈប់ផ្សាយរាល់ពាណិជ្ជកម្មឃោសនានយោបាយ។
នៅអាមេរិកនិងនៅបច្ចិមលោកដែរ គេមានក្តីព្រួយបារម្ភខ្លាំង ពីការផ្សព្វផ្សាយពាណិជ្ជកម្មឃោសនានយោបាយតាមបណ្តាញសង្គម ដែលអ្នកមួយចំនួនយល់ថា ការផ្សាយខ្លះ កុហក បោកប្រាស និងបំភាន់មតិសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។ រឿងនេះ គឺត្រូវគេសង្ស័យយូរណាស់មកហើយ ពិសេសតាំងពីពេលរៀបចំឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០១៦ និងការបោះឆ្នោតប្រជាមតិអង់គ្លេស Brexit ឆ្នាំ២០១៦។