Description
ច្របាច់ម៉ាស្សាឬធ្វើសរសៃ ម៉ាស្សាខ្មែរ ឬម៉ាស្សាថៃ ម៉ាស្សាចិនឬម៉ាស្សាឥណ្ឌា ... គេថាម៉ាស្សាមានគុណប្រយោជន៍ច្រើន។ ប៉ុន្តែតើម៉ាស្សាមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងដូចម្តេច ? តើត្រូវជ្រើសរើសម៉ាស្សាប្រភេទណា ?
នៅប្រទេសបារាំង ពាក្យថា ម៉ាស្សា ត្រូវបានកំណត់និងឱ្យនិយមន័យយ៉ាងច្បាស់លាស់ មានចែងក្នុងច្បាប់ឆ្នាំ១៩៩៦។ “ម៉ាស្សា ជាការច្របាច់ លើផ្នែកខាងក្រៅនៃខ្លួនប្រាណ ប៉ះផ្ទៃស្បែក ដោយដៃ ឬដោយជំនួយម៉ាស៊ីន ដើម្បីព្យាបាលជំងឺក៏បាន មិនមែនដើម្បីព្យាបាលជំងឺអ្វីមួយក៏បាន។ ពោលគឺវេជ្ជសាស្ត្របារាំងបានបែងចែងការម៉ាស្សាជាពីរប្រភេទ គឺម៉ាស្សាសម្រាប់ព្យាបាលរោគដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ និងធ្វើដោយអ្នកជំនាញ និងម៉ាស្សាដើម្បីបានស្រួលខ្លួន។ តាមច្បាប់ក្បួន ទោះជាម៉ាស្សាដើម្បីភាពស្រណុកសុខស្រួល ក៏ត្រូវធ្វើឡើងដោយអ្នកជំនាញដែលបានទទួលការសិក្សាមានសញ្ញាប័ត្រត្រឹមត្រូវដែរ។ ការធ្វើម៉ាស្សា លាបលន ច្របាច់អង្អែល ដែលជាសេវាបម្រើភ្ញៀវ ផ្តល់ផាសុកផ្លូវកាយនិងផ្លូវចិត្តអារម្មណ៍ នៅតាមកន្លែង និងដោយអ្នកជំនាញផ្នែកកែសម្ផស្ស គ្មានសិទ្ធិប្រើពាក្យថាម៉ាស្សាឡើយ។
ម៉ាស្សាជាវិធីសាស្ត្រដ៏ចំណាស់មួយ ដែលមានធ្វើតាំងពីសម័យបុរប្រវត្តិ។ បើតាមឯកសារចិន មនុស្សចេះធ្វើម៉ាស្សាតាំងពី ៣០០០ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ។ ពួកក្រិក រ៉ូម៉ាំង ក៏ធ្លាប់ប្រើវិធីម៉ាស្សានេះដែរ ដើម្បីឱ្យឆាប់ជា និងបន្ធូរបន្ថយការឈឺចាប់។